วันศุกร์ที่ 10 ธันวาคม พ.ศ. 2553

បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​ខ្មែរ​នៅ​ដែន​សុរិន្ទ

ដោយ ឡេង ម៉ាលី
2010-12-05

          រដ្ឋាភិបាល​ថៃ​កំពុង​ផ្ដល់​ថវិកា​ដល់​មន្ទីរ​អប់រំ​ខេត្ត​របស់​ខ្លួន នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ចំនួន​៤ ដូច​ជា​ខេត្ត​សុរិន្ទ បុរីរម្យ ភាសា​ថៃ​ហៅ​ថា​ប៊ុរីរ៉័ម និង​ខេត្ត​ស៊ី​សា​កេត ឱ្យ​រៀបចំ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​ក្នុង​ប្រពន្ធ​អប់រំ​ដល់​សិស្ស​ ថ្នាក់​មធ្យមសិក្សា។

Photo: RFA
គ្រូ​បង្រៀន​កម្រិត​មធ្យម​សិក្សា​ចំនួន​ជាង ៤០​នាក់ នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០
           មន្ត្រី​អប់រំ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន​ជាង ៤០​នាក់ ដែល​មាន​អ្នក​គ្រូ​ចំនួន ១៣​នាក់ បាន​បិទ​វគ្គ​បញ្ចប់​ការ​អប់រំ​បណ្ដុះ​បណ្ដាល​គ្រូ​សម្រាប់​បង្រៀន​ភាសា​ ខ្មែរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០។
           ចាងហ្វាង​សាលា​រៀន​ប្រាសាទ ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត (Paichayan Chantakhet) មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា វគ្គ​អប់រំ​គ្រូ​ភាសា​ខ្មែរ​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ការ​បង្រៀន​អក្សរ​ខ្មែរ នៅ​តាម​សាលា​រៀន​ចំនួន​២៣ ក្នុង​ខេត្ត​៣ ដែល​មាន​ខ្មែរ​រស់​នៅ គឺ​ខេត្ត​សុរិន្ទ ខេត្ត​បុរីរម្យ ភាសា​ថៃ​ហៅ​ថា​ប៊ុរីរ៉័ម និង​ខេត្ត​ស៊ី​សា​កេត ៖ "ឥឡូវ​នេះ​យើង​បាន​ចាប់ ​អប់រំ​ពួក​គ្រូ​បង្រៀន​ទាំង​អស់ ២៣​សាលា បាន​មក​ប្រជុំ​បង្រៀន​ខាង​អក្សរ​ខ្មែរ។ ទំនាក់​ទំនង​ខាង​កម្ពុជា បាន​មក​ចាប់​ដៃ​គ្នា​ខាង​ថៃ​នេះ បាន​មក​បង្រៀន​ឱ្យ​ចេះ​អក្សរ​ខាង​ខ្មែរ"
            ប្រធាន​មជ្ឈ​មណ្ឌល​ភាសា និង​វប្បធម៌​ខ្មែរ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា (Boonruang Kajamary) មាន​ប្រសាសន៍ វគ្គ​អប់រំ​គ្រូ​សម្រាប់​បង្រៀន​ភាសា​ខ្មែរ​នេះ មាន​រយៈ​ពេល ៥​ថ្ងៃ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី​៣ ធ្នូ ត្រូវ​បាន​រៀបចំ​ឡើង​តាម​កម្មវិធី​របស់​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ ហើយ​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​ថៃ។
            លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា វគ្គ​អប់រំ​គ្រូ គឺ​ធ្វើ​ឡើង​តាម​កម្មវិធី​មួយ​ឈ្មោះ​ថា "កម្មវិធី​អប់រំ​ភាសា​ខ្មែរ" របស់​មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដែល​មាន​ទិស​ដៅ​អប់រំ​សិស្ស​នៅ​ក្នុង​សាលា​ទាំង​នោះ​ឱ្យ​បាន​ចេះ​ដឹង​អំពី​ អក្សរ និង​វប្បធម៌​ខ្មែរ។ លោក ប្រៈ​ដែង ប៊ុន​រឿង គុជៈ​ម៉ា មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា កម្មវិធី​អប់រំ​ភាសា​ខ្មែរ​នៅ​តាម​សាលា​នេះ គឺ​ឋិត​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​នៃ​ក្រសួង​អប់រំ​របស់​រដ្ឋាភិបាល​ថៃ។
 ចែក​សញ្ញាប័ត្រ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ​នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ  
            ចាងហ្វាង​សាលា​រៀន​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ទៀត​ថា ការ​អប់រំ​ភាសា​ខ្មែរ ក៏​ជា​កម្មវិធី​ពហុ​ភាសា​មួយ​ស្រប​តាម​គោល​ការណ៍​របស់​សមាគម​អាស៊ាន ដែល​ចង់​ឱ្យ​ពល​រដ្ឋ​នៃ​ប្រទេស​សមាជិក​និមួយៗ ចេះ​ដឹង​អំពី​ភាសា​នានា​នៅ​ក្នុង​តំបន់ ៖ "នេះ​យើង​ធ្វើ​ខាង​លាវ ខាង​វៀតណាម ខាង​ភូមា ខាង​អី​ទាំង​អស់​ក្នុង​អាស៊ាន​នេះ។ ព្រោះ​អី​បាន​ចង់​ឱ្យ​កូន​ក្មេង​ដឹង​ច្រើន​ភាសា ព្រោះ​ចង់​ឱ្យ​ក្មេង​នៅ​ក្នុង​សាលា​រៀន​នេះ​ដឹង (ស្គាល់) គ្នា ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​អី​ត​ទៅ​មុខ។ នេះ​ជា​បញ្ហា​របស់​អាស៊ាន"។   លោក​បន្ត​ថា កម្មវិធី​អប់រំ​ភាសា​ខ្មែរ​នេះ គឺ​ទើប​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទើប​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​អំពី​សៀវភៅ​ក្បួន​ខ្នាត​បង្រៀន​អក្សរ​ ខ្មែរ​សម្រាប់​គ្រូ។ នៅ​ជំហាន​បន្ទាប់ មជ្ឈ​មណ្ឌល​នឹង​បង្កើត​សៀវភៅ​សិក្សា​ភាសា​ខ្មែរ សម្រាប់​សិស្ស​នៅ​តាម​សាលា​រៀន​ក្នុង​ខេត្ត​ទាំង​នេះ។ លោក ប៊ុន​រឿង ថ្លែង​ឱ្យ​ដឹង​ដែរ​ថា មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ ទទួល​បន្ទុក​អនុវត្ត​គម្រោង​កម្មវិធី​អប់រំ​ភាសា​ខ្មែរ នៅ​ក្នុង​ខេត្ត​ដូច​ជា នគររាជ​សីមា, ស៊ី​សា​កេត, បុរីរម្យ និង​ខេត្ត​សុរិន្ទ ៖ "គម្រោង​ការ​នេះ​ជា​គម្រោង​ការ​ខាង​សាលា​រៀន​ ប្រាសាទ​វិទ្យា​គារ បាន​បន្ទុក​ពី​ក្រសួង​អប់រំ​មក​ដំណើរ​ការ​បង្រៀន​ពហុ​ភាសា ហើយ​មាន​គ្រោង​ការ​អប់រំ​គ្រូ​មក​ពី​នគរ​រាជ​សីមា បុរីរ៉័ម សុរិន្ទ ស៊ី​សា​កេត​ផង ពីរ បី បួន​ខេត្ត​នេះ។ យើង​ទទួល​បន្ទុក​កិច្ច​ការ​នេះ"
            បណ្ឌិត​ភាសា​នៅ​សកល​វិទ្យាល័យ​សារៈ​ខាម ក្នុង​ខេត្ត​សារៈ​ខាម ប្រទេស​ថៃ លោក ប៉ាន់​ញ៉ាត់ សាលី ដែល​បាន​បើក​បង្រៀន​ភាសា​ខ្មែរ ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត ហើយ​មក​ចូល​រួម​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ​នៅ​ក្នុង​វគ្គ​នេះ បាន​ថ្លែង​ថា លោក​រីក​រាយ និង​គាំទ្រ​ចំពោះ​ការ​បង្រៀន​ភាសា​ខ្មែរ ដល់​ពល​រដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ឱ្យ​បាន​ចេះ​ដឹង​អំពី​ភាសា​របស់​ខ្លួន​ឯង ៖ "ខ្ញុំ​គាំទ្រ​ព្រោះ​ ចង់​ឱ្យ​កូន​ចៅ​ចេះ​ដឹង​ភាសា​របស់​ខ្លួន​ឯង​ផង។ ទោះបី​ខ្មែរ​សុរិន្ទ​អាច​និយាយ​ភាសា​ខ្មែរ​សុរិន្ទ តែ​អត់​ចេះ​តួ​អក្សរ អត់​ចេះ​អាន ហើយ​ពាក្យ​ខ្លះ​មិន​ចេះ​ពាក្យ​ខ្មែរ​ខាង​កម្ពុជា​យើង​ផង"
            តំណាង​គ្រូ​បង្រៀន​មួយ មក​ពី​ស្រុក​គោក​ខណ្ឌ ខេត្ត​ស៊ី​សា​កេត ថ្លែង​ថា លោក សុភាន ខាំវង្ស (Supian Khamwongs) មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​នេះ ដែល​ជា​ការ​ចាប់​ផ្ដើម​ឱ្យ​លោក​ចេះ​អាន និង​សរសេរ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹម​ត្រូវ ដូច​ខ្មែរ​នៅ​ខាង​កម្ពុជា។ នៅ​ពេល​ជម្រាប​សួរ​ថា តើ​កម្មវិធី​នេះ​នឹង​ត្រូវ​យក​តាម​ភាសា​របស់​ខ្មែរ​សុរិន្ទ ឬ​តាម​ភាសា​នៅ​កម្ពុជា​បច្ចុប្បន្ន។ លោក សុភៀន ថ្លែង​ថា​ត្រូវ​យក​ទាំង​ពីរ ៖ "ភាសា​ទំនាក់​ទំនង​រវាង​ប្រទេស ចង់​ឱ្យ​មាន​ការ​រៀន​សូត្រ​ដូច​គ្នា ហើយ​ភាសា​និយាយ​តាម​តំបន់​ដូច​ជា​ខេត្ត​ស៊ី​សា​កេត ខេត្ត​បុរីរ៉័ម ខេត្ត​អី​ជាប់​គ្នា​ព្រំដែន​ថៃ-កម្ពុជា​ហ្នឹង ក៏​ចង់​ឱ្យ​អភិរក្ស​ផង​ដែរ។ ចង់​ឱ្យ​ពង្រីក​បន្ថែម​ភាសា​ខ្មែរ ដើម្បី​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា​រវាង​ប្រទេស ហើយ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ដ៏​ល្អ​រវាង​គ្នា និង​គ្នា"
រូប​ថត​អនុស្សាវរីយ៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ​នៅ​មន្ទីរ​អប់រំ​ខេត្ត​សុរិន្ទ 
         លោក សុភាន មាន​ប្រសាសន៍​បន្ត​ថា ការ​រៀន​អក្សរ​ខ្មែរ​សម្រាប់​រូប​លោក មិន​មាន​ការ​លំបាក​ប៉ុន្មាន​ទេ ពី​ព្រោះ​អក្សរ​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា ហើយ​អក្សរ​ខ្មែរ​ខុស​ពី​អក្សរ​ថៃ​ត្រង់​ថា​មាន​សក់ និង​ត្រួត​ជើង។ លោក​ថ្លែង​ថា ការ​រៀន​អក្សរ​ខ្មែរ​ហាក់​ដូច​ជា​ការ​ងាក​ទៅ​រៀន​អំពី​ក្រឹត្យ​ក្រម​បុរាណ​ វិញ។          វគ្គ​អប់រំ​បណ្ដុះ​បណ្ដាល​គ្រូ​ភាសា​ខ្មែរ សម្រាប់​ថ្នាក់​មធ្យម​សិក្សា​ក្នុង​ប្រពន្ធ​សាលា​រដ្ឋ​នៅ​ពេល​នេះ ត្រូវ​បាន​លោក​ចាងហ្វាង​វិទ្យា​ស្ថាន​ប្រាសាទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា គឺ​ជា​លើក​ទី​មួយ។
        ការ​បង្រៀន​ភាសា​ខ្មែរ​ដល់​ពល​រដ្ឋ​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​កន្លង​មក ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​លោក ឆៃ​មង្គល ឆ្លើម​ស៊ុក​ជិត​ស៊្រី ដែល​ធ្វើ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​នៅ​តាម​ភូមិ។ លោក​បណ្ឌិត ប៉ាន់​ញ៉ាត់ សាលី មាន​ប្រសាសន៍​ថា កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​របស់​លោក ឆៃ​មុង​គុល និង​កម្មវិធី​ថ្មី​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា ក៏​ប៉ុន្តែ​ការ​បង្រៀន​ភាសា​ខ្មែរ​របស់​លោក ឆៃ​មុង​គុល ជា​ការ​បង្រៀន​ដោយ​គម្រោង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​នៅ​សាលា​មធ្យម​សិក្សា​នេះ គឺ​ជា​កម្មវិធី​ក្នុង​ប្រពន្ធ​អប់រំ​របស់​រដ្ឋ ៖ "កម្មវិធី​នេះ​គាំទ្រ​ អាហារូបករណ៍​លុយ​កាក់​ដែល​ឱ្យ​មក​ហ្នឹង គឺ​ពី​ខាង​រដ្ឋាភិបាល​ថៃ​គេ​គាំទ្រ​មក ប៉ុន្តែ​លោក ឆៃ​មង្គល ជា​ក្រៅ​ប្រព័ន្ធ។ កម្មវិធី​ដូច​គ្នា តែ​អាស្រ័យ​តាម​រយៈ​អាហារូបករណ៍ ដែល​ទទួល​មក។ កម្មវិធី​សិក្សា​ដូច​គ្នា​ទាំង​អស់"
        ព័ត៌មាន​ដក​ស្រង់​ពី​គេហទំព័រ​មួយ ឈ្មោះ​ថា រ៉េហ្វវើល (Refworld) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ជន​ជាតិ​ភាគ​តិច​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ថៃ ដែល​ជាប់​ព្រំដែន​កម្ពុជា មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។
        ចាងហ្វាង​វិទ្យាស្ថាន​ប្រាសាទ ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត មាន​ប្រសាសន៍​ថា សៀវភៅ​សិក្សា​ភាសា​ខ្មែរ​នៅ​តាម​សាលា​មធ្យម​សិក្សា​នោះ រៀបចំ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ភាសា និង​អរិយធម៌​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ និង​មាន​ការ​អញ្ជើញ​គ្រូ​២​រូប​ពី​កម្ពុជា ឱ្យ​ជួយ​ពិនិត្យ​អក្ខរាវិរុទ្ធ​ផង។ លោក​បន្ត​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​ជា​មួយ​សាលា​រៀន​ សម្ដេច​ឪ នៅ​ខេត្ត​សៀមរាប ទាក់​ទង​នឹង​ការ​សិក្សា​ភាសា​ខ្មែរ​នេះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น




สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้
(Association of Southeast Asian Nations)

คำขวัญ
"One Vision, One Identity, One Community"
(หนึ่งวิสัยทัศน์ หนึ่งเอกลักษณ์ หนึ่งประชาคม)

สัญลักษณ์อาเซียน
“ต้นข้าวสีเหลือง 10 ต้นมัดรวมกันไว้”
หมายถึง ประเทศในภูมิภาคเอเชียตะวันออกเฉียงใต้ทั้ง 10 ประเทศรวมกันเพื่อมิตรภาพและความเป็นน้ำหนึ่งใจเดียวกัน
โดยสีที่ปรากฏในสัญลักษณ์ของอาเซียน เป็นสีที่สำคัญของธงชาติของแต่ละประเทศสมาชิกอาเซียน

หมายเหตุ ตอนรวมอาเซี่ยน 10 ประเทศ ทำสัญลักษณ์แค่ 10 ชาติ เขาไม่คิดอนาคตเลยว่าจะมีประเทศสาธารณรัฐประชาธิปไตยติมอร์-เลสเต (Repúblika Demokrátika Timór-Leste)ขึ้นมาเป็นประเทศที่ 11...แต่ถ้าจะเพิ่ม...อีก 1 ประเทศในสัญลักษณ์อาเซี่ยน...ก็ง่ายเพียง...เพิ่มต้นข้าวลำต้นตรง...สัก1 ต้นตรงกลาง..ก็โอเค...ครบ 11 พอดี


WeblogMaster : itkhukhan@gmail.com

Tel : 081-0751512 or Line : itkhukhan