วันอาทิตย์ที่ 17 พฤษภาคม พ.ศ. 2558

ประวัติพระเจ้าชัยวรมันที่ 7(​អំពី​ព្រះបាទ​ជ័យវរ្ម័នទី៧)

           ក្នុង​ចំណោម​ព្រះរាជា​នៃ​សម័យ​អង្គរ​ទាំងអស់ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជា​មួយ​អង្គ​ដែល​គេ​ចាត់​ទុក​ថា មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ព្រះអង្គ​ទ្រង់​បាន​កសាង​ប្រាសាទ​បាយ័ន ដ៏​ល្បីល្បាញ ដែល​ជា​ស្នូល​នៃ​រាជធានី​អង្គរ​ទី​៣។

           ខុស​ពី​ព្រះរាជា​នៃ​សម័យ​អង្គរ ដែល​ភាគ​ច្រើន​គោរព​ប្រតិបត្តិ​ព្រហ្មញ្ញ​សាសនា ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀបរាប់​ជូន​អំពី​ព្រះបាទ​ជ័យវរ្ម័នទី៧។


ព្រះបាទ​ជ័យវរ្ម័នទី៧ (ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១០ ឬ​ឆ្នាំ​១២១៨)

           ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី២ និង​ព្រះ​មាតា​ព្រះនាម ចូឌាមណី។ ក្នុង​ពេល​ដែល​ព្រះ​បិតា​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត ហើយ​ព្រះបាទ​យសោវរ្ម័នទី២ ដែល​ជា​ព្រះ​ញាតិ​របស់​ព្រះ​បិតា​ព្រះអង្គ ឡើង​សោយរាជ្យ​ស្នង​នោះ ព្រះអង្គ​ទ្រង់​ជាប់​រវល់​ច្បាំង​ជាមួយ​ពួក​ចាម ឯ​ប្រទេស​ចំប៉ា ឯណោះ។ លុះ​ទ្រង់​ជ្រាប​ថា មាន​មន្ត្រី​ក្បត់​បះបោរ​ដណ្ដើម​រាជ្យ​ព្រះបាទ​យសោវរ្ម័នទី២ ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​ពី​ប្រទេស​ចំប៉ា វិញ​យ៉ាង​លឿន ដើម្បី​ជួយ​ការពារ​ព្រះបាទ​យសោវរ្ម័នទី២។ ប៉ុន្តែ​ជា​ការ​ឥត​ប្រយោជន៍ ព្រោះ​ព្រះអង្គ​យាង​មក​មិន​ទាន់ ហើយ​មន្ត្រី​ក្បត់​បាន​ធ្វើ​គត់​ព្រះបាទ​យសោវរ្ម័នទី២ បាន ហើយ​ប្រកាស​ខ្លួន​ឡើង​សោយរាជ្យ​រួច​ទៅ​ហើយ។

           ព្រះអង្គ​ក៏​ទ្រង់​គង់​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ដល់​មាន​ព្រឹត្តិការណ៍​ចាម វាយ​លុក​យ៉ាង​ធំ​សម្បើម ហើយ​ធ្វើ​គត់​ស្ដេច​ដណ្ដើម​រាជ្យ​បាន ដុត​បំផ្លាញ​ក្រុង​អង្គរ​ក្នុង​ឆ្នាំ​១១៧៧ នោះ ទើប​ព្រះអង្គ​ទ្រង់​សច្ចា​ថា នឹង​សងសឹក​វិញ​អោយ​ទាល់​តែ​បាន។ ព្រះអង្គ​ទ្រង់​បាន​ច្បាំង​តតាំង​នឹង​ចាម យ៉ាង​ស្វិតស្វាញ​ជា​ទី​បំផុត ដើម្បី​រំដោះ​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​ការ​ជិះជាន់​របស់​បរទេស​នេះ។ ទី​បំផុត ព្រះអង្គ​ទទួល​បាន​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ចំបាំង​ជើង​ទឹក ដូច​មាន​រូប​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ ជា​សក្ខីភាព​ស្រាប់។

           ព្រះអង្គ​ទ្រង់​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​ជន្មាយុ ៥៦​ព្រះ​វស្សា ក្នុង​ឆ្នាំ​១១៨១ នៃ​គ្រិស្តសករាជ នៅ​យសោធបុរៈ គឺ​រាជធានី​អង្គរ។

           ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ក្នុង​វិស័យ​សឹក​សង្គ្រាម​ក្នុង​រាជ្យ​ព្រះអង្គ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​នៅ​មល្យង​ខាង​ត្បូង ខេត្ត​បាត់ដំបង។ ព្រះអង្គ​បាន​បញ្ជា​អោយ​យុវ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​វិទ្យានន្ទ ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង វាយ​កម្ចាត់​បាន​ដោយ​ជោគជ័យ។ ឯ​នគរ​ចំប៉ា វិញ ស្ដេច​ចាម ជ័យឥន្ទ្រវរ្ម័នទី៤ បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជា សាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុត រឹប​យក​នគរ​ចំប៉ា ដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បាន តាំង​ពី​ឆ្នាំ​១២០៣ រហូត​ដល់​ឆ្នាំ​១២២៦ នៃ​គ្រិស្ដសករាជ។ ឆ្នាំ​១២០៧ ព្រះបាទ​ជ័យវរ្ម័នទី៧ បាន​បញ្ជា​អោយ​ក្សត្រ​ចាម មួយ​អង្គ​ព្រះនាម​អង្សរាជ អោយ​លើក​ទ័ព​ចម្រុះ​ខ្មែរ ភូមា សៀម ទៅ​វាយ​ប្រទេស​យួន​ដៃ​វៀត។

           ដើម​សតវត្សរ៍​ទី​១៣ នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​សព្វថ្ងៃ រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចំប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​ឡាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡាស៊ី រហូត​ដល់​ជ្រោយ​កោះក្រា ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាលវិន។

           ក្នុង​វិស័យ​សំណង់​វិញ ព្រះបាទ​ជ័យវរ្ម័នទី៧ ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​សមិទ្ធិ​ច្រើន​ជាង​គេ​បង្អស់។ ស្នា​ព្រះហស្ដ​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧ គឺ​ការ​រៀបចំ​កសាង​រាជធានី​អង្គរ ដែល​ចាម បាន​វាយ​បំផ្លាញ​ពី​ឆ្នាំ​១១៧៧ នោះ​អោយ​បាន​រៀប​រយ​ល្អ​ឡើង​វិញ ដោយ​មាន​កំពែង​ថ្មបាយក្រៀម និង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​មាន​ប្រវែង ៣​គីឡូម៉ែត្រ​ក្នុង​មួយ​ជ្រុងៗ មាន​គោបុរៈ គឺ​ទ្វារ​ធំ​ចំនួន​៥ និង​មាន​ប្រាសាទ​បាយ័ន ដែល​មាន​កំពូល​សុទ្ធតែ​មាន​មុខ​៤ ដែល​គេ​ជឿ​ថា ជា​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​ពោធិសត្វ​អវលោគិតិស្វរៈ ជា​ស្នូល​កណ្ដាល ដែល​យើង​និយម​ហៅ​ថា​ក្រុង​អង្គរទី៣។

           នៅ​ជុំវិញ​ក្រុង​មាន​ប្រាសាទ​បន្ទាយក្ដី តាព្រហ្ម ព្រះខាន់ នាគព័ន្ធ តាសោម ក្រោលគោ និង​នៅ​តាម​ខេត្ត​មាន​ប្រាសាទ​បន្ទាយឆ្មារ (នៅ​ខេត្ត​បាត់ដំបង) វត្ត​នគរ (នៅ​ខេត្ត​កំពង់ចាម) តាព្រហ្មបាទី (នៅ​ខេត្ត​តាកែវ) និង​ប្រាសាទ​ជាច្រើន​ទៀត​ក្នុង​ទឹកដី​ថៃ សព្វថ្ងៃ ដូចជា ប្រាសាទ​វត្ត​មហាធាតុ (នៅ​ខេត្ត​លុបបុរី) ប្រាសាទ​ភិម័យ (នៅ​ខេត្ត​នគររាជ​សីមា) ប្រាសាទ​តាមាន់តូច (នៅ​ខេត្ត​សុរិន្ទ) ប្រាសាទ​កំផែង​លែង (នៅ​ខេត្ត​ពេជ្របុរី) ប្រាសាទ​កំពែងតូច (នៅ​ខេត្ត​ស៊ីសាកេត) ជាដើម។

           ខាង​វិស័យ​សាសនា​វិញ ដូចជា ព្រះ​បិតា និង​ព្រះ​មាតា​ព្រះអង្គ​ដែរ ព្រះបាទ​ជ័យវរ្ម័នទី៧ និង​ព្រះរាជ​អគ្គមហេសី​ជ័យរាជទេវី ដែល​សោយ​ទិវង្គត​ទៅ ព្រម​ទាំង​ព្រះរាជ​អគ្គមហេសី​ឥន្ទ្រទេវី ដែល​ជា​ព្រះរៀម​របស់​ព្រះ​នាង​ជ័យទេវី ដែល​ព្រះអង្គ​បាន​រៀប​អភិសេក​ខាង​ក្រោយ ហើយ​ជា​ព្រះ​ក្សត្រី​ប្រកប​ដោយ​ចំណេះ​វិជ្ជា​យ៉ាង​ជ្រៅជ្រះ សុទ្ធតែ​ជា​ពុទ្ធសាសនិកជន​យ៉ាង​ប្ដូរ​ផ្តាច់។ ព្រះអង្គ​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វ អវលោគិតិស្វរៈ ឬ​លោកេស្វរៈ។

           ពិត​មែន​តែ​ព្រះអង្គ​កាន់​ពុទ្ធសាសនា ប៉ុន្តែ​ព្រះអង្គ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ថែ​រក្សា​ការពារ​ព្រហ្មញ្ញ​សាសនា អោយ​បាន​រីក​ចម្រើន​ផង​ដែរ។ ប្រាសាទ​ភ្នំ​ទាំង​ឡាយ​ដែល​ក្នុង​រាជ្យ​មុនៗ តម្កល់​លិង្គ​ទេវរាជ ហើយ​មក​ដល់​អង្គរវត្ត​នៃ​ព្រះបាទ​សូរ្យវរ្ម័នទី២ តម្កល់​ព្រះ​បដិមា​ព្រះវិស្ណុ ប្រាសាទ​បាយ័ន ដែល​ជា​ស្នូល​នៃ​អង្គរ​ទី​៣ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័នទី៧ តម្កល់​ព្រះ​បដិមា​ពុទ្ធរាជ​មួយ​អង្គ​យ៉ាង​ធំ​សម្បើម មាន​កម្ពស់​ជិត ៤​ម៉ែត្រ ឯកសារ​ខ្លះ​ថា​ដល់​ទៅ ៩​ម៉ែត្រ។ ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ធម៌​ទសពិធ និង​មាន​ព្រហ្ម​វិហារ​ធម៌​សន្តោស​ប្រោស​ប្រណី​ដល់​អស់​សព្វ​សត្វ ដូច​សិលា​ចារឹក មន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា គឺ​សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​នោះ»។

           ដោយសារ​ព្រះ​គតិបណ្ឌិត​ខាង​លើ​នេះ ព្រះអង្គ​បាន​សាង​មន្ទីរពេទ្យ​ចំនួន​១០២ នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​មូល ដែល​មនុស្ស​ក្នុង​វណ្ណៈ​ទាំង​បួន​អាច​ចូល​ព្យាបាល​រោគ​បាន​ដូច​គ្នា ព្រម​ទាំង​សាលា​សំណាក់ ឬ​ធម្មសាលា​ចំនួន​១២១ នៅ​តាម​បណ្តោយ​ផ្លូវ​ធំៗ​នៃ​អាណាចក្រ​ថែម​ទៀត​ផង។

           ព្រះបាទ​ជ័យវរ្ម័នទី៧ ទ្រង់​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១១៨១។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះអង្គ​ចូល​ទិវង្គត​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​ទេ គេ​គ្រាន់​តែ​សង្ស័យ​ថា ព្រះអង្គ​ទំនង​ជា​បាន​សោយរាជ្យ​ដល់​ឆ្នាំ​១២១៨ នៃ​គ្រិស្ដសករាជ ហើយ​ពេល​ដែល​ព្រះអង្គ​សុគត​ទៅ ទ្រង់​បាន​ទទួល​ព្រះ​មរណនាម​ថា មហា​បរម​សៅគត៕

Thank You For http://www.khmerlegend.com/2014/06/cheyvaramanVII.html

ไม่มีความคิดเห็น:

แสดงความคิดเห็น




สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้
(Association of Southeast Asian Nations)

คำขวัญ
"One Vision, One Identity, One Community"
(หนึ่งวิสัยทัศน์ หนึ่งเอกลักษณ์ หนึ่งประชาคม)

สัญลักษณ์อาเซียน
“ต้นข้าวสีเหลือง 10 ต้นมัดรวมกันไว้”
หมายถึง ประเทศในภูมิภาคเอเชียตะวันออกเฉียงใต้ทั้ง 10 ประเทศรวมกันเพื่อมิตรภาพและความเป็นน้ำหนึ่งใจเดียวกัน
โดยสีที่ปรากฏในสัญลักษณ์ของอาเซียน เป็นสีที่สำคัญของธงชาติของแต่ละประเทศสมาชิกอาเซียน

หมายเหตุ ตอนรวมอาเซี่ยน 10 ประเทศ ทำสัญลักษณ์แค่ 10 ชาติ เขาไม่คิดอนาคตเลยว่าจะมีประเทศสาธารณรัฐประชาธิปไตยติมอร์-เลสเต (Repúblika Demokrátika Timór-Leste)ขึ้นมาเป็นประเทศที่ 11...แต่ถ้าจะเพิ่ม...อีก 1 ประเทศในสัญลักษณ์อาเซี่ยน...ก็ง่ายเพียง...เพิ่มต้นข้าวลำต้นตรง...สัก1 ต้นตรงกลาง..ก็โอเค...ครบ 11 พอดี


WeblogMaster : itkhukhan@gmail.com

Tel : 081-0751512 or Line : itkhukhan